Pages

Translate/Traduction

Monday, February 17, 2014

តើ​​អនុក្រឹត្យ​​ដែល​​ចេញ​​ដោយ​​រដ្ឋាភិបាល​​មាន​​ប៉ុន្មាន​​ប្រភេទ​?

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ    12-02-2014,  10:45 am) |  ដោយ ជា ធីរិទ្ធ​(http://www.thmeythmey.com/index.php?page=detail&ctype=article&id=12204&lg=kh)



នៅក្នុង​ដំណើរការ​ប្រចាំថ្ងៃ​របស់​រដ្ឋ ក្នុងការ​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​អ្វីមួយ ឬ​តែងតាំង​បុគ្គល​ណា​ម្នាក់  រាជរដ្ឋាភិបាល​តែងតែ​ប្រើប្រាស់​នូវ​អនុក្រឹត្យ​ដែលជា​សមត្ថកិច្ច​របស់​ខ្លួន​ជានិច្ច។ ប្រជាពលរដ្ឋ​ទូទៅ​ក៏បាន​លឺ​ពាក្យ​អនុក្រឹត្យ​ជា​ញឹកញាប់​ដែរ។ តើ​ពាក្យ​អនុក្រឹត្យ​មានន័យ​ដូចម្តេច? ហើយ​ថា​តើ​អនុក្រឹត្យ​នេះ បែក​ចែកជា​ប៉ុន្មាន​ប្រភេទ?

និយាយ​ដោយ​ខ្លី «អនុក្រឹត្យ» គឺជា​សេចក្តីសម្រេច​មួយ ដែល​អនុម័ត​ដោយ​អំណាចនីតិប្រតិបត្តិ ពោលគឺ​រាជរដ្ឋាភិបាល​តែមួយគត់ ក្នុងទិសដៅ​ដើម្បី​រៀបចំ និង​ឲ្យ​ប្រព្រឹត្តទៅ​នៃ​ស្ថាប័ន​របស់​រដ្ឋ និង​ដើម្បី​តែងតាំង​មន្ត្រីរាជការ។

អនុក្រឹត្យ​ត្រូវបាន​គេ​បែង​ចែកជា​ពីរ​ប្រភេទ។ ទី១ គឺ«អនុក្រឹត្យ​បទបញ្ជា» ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ដាក់ចេញ​ជា​បទបញ្ជា​ឲ្យ​អនុវត្ត​ច្បាប់ និង​បទបញ្ជាផ្សេងៗដែល​ទាក់ទង​នឹង​កិច្ចការ ឬ​ដំណើរការ​ទូទៅ​របស់រ​ដ្ឋ​ទាំងមូល ហើយ​វា​ស្ថិត​នៅក្រៅ​សមត្ថកិច្ច​របស់​រដ្ឋសភា ព្រឹទ្ធសភា និង​តុលាការ។ ឧទាហរណ៍​ដូចជា អនុក្រឹត្យ​លេខ ១២៦ ចុះ​ថ្ងៃទី ៩ ខែ ៩ ឆ្នាំ ២០០៨ ស្តីពី​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន ។

ចំណុច​ទី ២ គឺ «អនុក្រឹត្យ​ឯក​ត្ត​ភូត»។ វា​គឺជា​ទម្រង់​នៃ​អនុក្រឹត្យ ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល ក្នុង​វត្ថុបំណង​តែងតាំង ឬ​បញ្ចប់​ភារកិច្ច​មន្ត្រីរាជការ​ស៊ីវិល យោធា មួយចំនួន។ នៅក្នុង​ព្រះរាជក្រម​លេខ ០២ ន.ស. ៩៤ នៅត្រង់​មាត្រា១៥ មានចែង​អំពី​សមត្ថកិច្ច​របស់​នា​យក​រដ្ឋមន្ត្រី​ថា «នាយករដ្ឋមន្ត្រី​តែងតាំង​ផ្លាស់ប្តូរ បញ្ចប់​ភារកិច្ច​ដោយ​អនុក្រឹត្យ នូវ​មន្ត្រីជាន់ខ្ពស់​ស៊ីវិល យោធា មន្ត្រីការទូត និង​អភិបាលរង​ខេត្ត​ក្រុង អភិបាលស្រុក​ខណ្ឌ ជាដើម»។ 

នៅក្នុង​អនុក្រឹត្យ​ឯក​ត្ត​ភូត​នេះ នាយករដ្ឋមន្ត្រី​ក៏​អាច​ចេញ​ចំពោះ​បុគ្គលចំៗឈ្មោះ​ដែល​មិនមែនជា​មន្ត្រីរាជការ ស៊ីវិល យោធា បាន ដូចជា​ការចេញ​អនុក្រឹត្យ​ជូន​មេដៃ​ស្ថាបនា​ជាតិ ដល់​សប្បុរសជន ដែល​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​កសាង​ប្រទេសជាតិ​ជាដើម៕

No comments:

Post a Comment