(អត្ថបទចុះផ្សាយនៅថ្ងៃ 12-02-2014, 10:45 am) | ដោយ ជា ធីរិទ្ធ(http://www.thmeythmey.com/index.php?page=detail&ctype=article&id=12204&lg=kh)
នៅក្នុងដំណើរការប្រចាំថ្ងៃរបស់រដ្ឋ ក្នុងការបញ្ជាឲ្យប្រជាពលរដ្ឋអនុវត្តអ្វីមួយ ឬតែងតាំងបុគ្គលណាម្នាក់ រាជរដ្ឋាភិបាលតែងតែប្រើប្រាស់នូវអនុក្រឹត្យដែលជាសមត្ថកិច្ចរបស់ខ្លួនជានិច្ច។ ប្រជាពលរដ្ឋទូទៅក៏បានលឺពាក្យអនុក្រឹត្យជាញឹកញាប់ដែរ។ តើពាក្យអនុក្រឹត្យមានន័យដូចម្តេច? ហើយថាតើអនុក្រឹត្យនេះ បែកចែកជាប៉ុន្មានប្រភេទ?
និយាយដោយខ្លី «អនុក្រឹត្យ» គឺជាសេចក្តីសម្រេចមួយ ដែលអនុម័តដោយអំណាចនីតិប្រតិបត្តិ ពោលគឺរាជរដ្ឋាភិបាលតែមួយគត់ ក្នុងទិសដៅដើម្បីរៀបចំ និងឲ្យប្រព្រឹត្តទៅនៃស្ថាប័នរបស់រដ្ឋ និងដើម្បីតែងតាំងមន្ត្រីរាជការ។
អនុក្រឹត្យត្រូវបានគេបែងចែកជាពីរប្រភេទ។ ទី១ គឺ«អនុក្រឹត្យបទបញ្ជា» ដែលធ្វើឡើងក្នុងគោលបំណងដើម្បីដាក់ចេញជាបទបញ្ជាឲ្យអនុវត្តច្បាប់ និងបទបញ្ជាផ្សេងៗដែលទាក់ទងនឹងកិច្ចការ ឬដំណើរការទូទៅរបស់រដ្ឋទាំងមូល ហើយវាស្ថិតនៅក្រៅសមត្ថកិច្ចរបស់រដ្ឋសភា ព្រឹទ្ធសភា និងតុលាការ។ ឧទាហរណ៍ដូចជា អនុក្រឹត្យលេខ ១២៦ ចុះថ្ងៃទី ៩ ខែ ៩ ឆ្នាំ ២០០៨ ស្តីពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ។
ចំណុចទី ២ គឺ «អនុក្រឹត្យឯកត្តភូត»។ វាគឺជាទម្រង់នៃអនុក្រឹត្យ ដែលចេញដោយរាជរដ្ឋាភិបាល ក្នុងវត្ថុបំណងតែងតាំង ឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិល យោធា មួយចំនួន។ នៅក្នុងព្រះរាជក្រមលេខ ០២ ន.ស. ៩៤ នៅត្រង់មាត្រា១៥ មានចែងអំពីសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រីថា «នាយករដ្ឋមន្ត្រីតែងតាំងផ្លាស់ប្តូរ បញ្ចប់ភារកិច្ចដោយអនុក្រឹត្យ នូវមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធា មន្ត្រីការទូត និងអភិបាលរងខេត្តក្រុង អភិបាលស្រុកខណ្ឌ ជាដើម»។
នៅក្នុងអនុក្រឹត្យឯកត្តភូតនេះ នាយករដ្ឋមន្ត្រីក៏អាចចេញចំពោះបុគ្គលចំៗឈ្មោះដែលមិនមែនជាមន្ត្រីរាជការ ស៊ីវិល យោធា បាន ដូចជាការចេញអនុក្រឹត្យជូនមេដៃស្ថាបនាជាតិ ដល់សប្បុរសជន ដែលផ្តល់ថវិកាផ្ទាល់ខ្លួន ដើម្បីកសាងប្រទេសជាតិជាដើម៕
No comments:
Post a Comment